បន្ទាយលង្វែកជាកន្លែងប្រវត្តិសាស្រ្តដ៏ជូរចត់ស្ថិតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។
បន្ទាយនេះសង់ដោយព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកននៅឆ្នាំ១៥២៦។
ព្រះបាទចន្ទរាជាបានបញ្ជាអោយ
អ្នកមេការ មន្រ្តី ឧកញ្ញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្រ្ត កាប់ឈើ ជញ្ជូនថ្ម រែកដី
ដើម្បីសង់បន្ទាយលង្វែក និង ព្រះបរមរាជរាំង។ ក្រុមមេការអោយ
គេជីកបុករឹសរៀបថ្ម៦ហត្ថជុំវិញបន្ទាយជាបីជ្រុងហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកំពស់១៧ហត្ថ
កំរាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថឯជ្រុងទី៤គឺទន្លេ។ ព្រះអង្គធ្វើកំពែង៥ជាន់
ព្រមទាំងឬស្សីយ៉ាងក្រាស់(កំរាស់២សិនដែល១សិនស្មើ២០ព្យាមហើយ១ព្យាមស្មើ១កាងដៃឬ៤ហត្ថ
គឺ ប្រវែង១៦០ហត្ថ)ហើយមានទ្វាធំចំនួន៨ក្នុងទ្វានីមួយៗមានស៊ើនមួយ។
ស៊ើនទាំង៨មានកំពស់២២ហត្ថសម្រាប់ដាក់កំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ដាក់
សុទ្ធទាហានកំភ្លើងច្រូង(កំភ្លើងវែង)។
- កំពែងទី១:ដាក់សុទ្ធតែទាហានកំភ្លើងធំ
ហើយ នៅខាងមុខកំពែងនេះមានរោងដំរី និងរោងសេះ
- កំពែងទី២:ដាក់សុទ្ធតែទាហានកងកំភ្លើងវែង និង សាលាជំនុំ សាលាដំបូង និង
សាលាឧទ្ធរណ៍។
- កំពែងទី៣:ដាក់សុទ្ធទាហានអាវុធខ្លី
ដាវ ផ្គាក់ កាំបិត
- កំពែងទី៤:ដាក់សុទ្ធទាហានរក្សាព្រះអង្គ
រោងល្ខោន និងព្រះពន្លាទតល្ខោន
- កំពែងទី៥:តាំងរោងបញ្ចក្សេត្រ និង ដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យក្រុមបារគូ បុរោហិត និង ក្រុមមហាតលិកនៅ។
នៅក្នុងកំពែងនេះដែរមានព្រះបរមរាជរាំងកំពូលបិទមាស
និង លាបម្រ័ក្សណ៍ គឺសម្រាប់ ព្រះមហាក្សត្រាធិរាជផ្ទុំ
ហើយមានដំកល់វត្ថុសក្តិសិទ្ធិគឺព្រះកែវ ឬ ព្រះត្រលែងកែង និង
ព្រះគោចំនួន១២ដែលនៅក្នុងពោះគោទាំងនោះមានរក្សាទុក នូវគម្ពីរក្បួនសាស្រ្តាដ៍មាន
តម្លៃលើសលប់ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗ ដូចជាឃ្លាំង
ស្រូវអង្ករ អំបិលប្រហុក ត្រីងៀត ត្រីឆ្អើរ និង ឃ្លាំងសាស្រ្តាវុធ។
បន្ទាយលង្វែកមានទទឹង ប្រវែង១គ.ម និង បណ្តោយប្រវែង៣គ.ម ហើយចំណាយពេល
សាងសង់៣ឆ្នាំ(១៥២៧-១៥២៩)។(ដកស្រង់ពីសៀវភៅ សិក្សាសង្គម
ប្រវត្តិវិទ្យាថ្នាក់ទី១១ទំព័រ១៨០ កម្ពុជាសម័យលង្វែក)។