Thursday, November 28, 2019

បន្ទាយលង្វែក

Image result for បន្ទាយលង្វែក

បន្ទាយលង្វែកជាកន្លែងប្រវត្តិសាស្រ្តដ៏ជូរចត់ស្ថិតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ បន្ទាយនេះសង់ដោយព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកននៅឆ្នាំ១៥២៦។
ព្រះបាទចន្ទរាជាបានបញ្ជាអោយ អ្នកមេការ មន្រ្តី ឧកញ្ញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្រ្ត កាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសង់បន្ទាយលង្វែក និង ព្រះបរមរាជរាំង។ ក្រុមមេការអោយ គេជីកបុករឹសរៀបថ្ម៦ហត្ថជុំវិញបន្ទាយជាបីជ្រុងហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកំពស់១៧ហត្ថ កំរាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថឯជ្រុងទី៤គឺទន្លេ។ ព្រះអង្គធ្វើកំពែង៥ជាន់ ព្រមទាំងឬស្សីយ៉ាងក្រាស់(កំរាស់២សិនដែល១សិនស្មើ២០ព្យាមហើយ១ព្យាមស្មើ១កាងដៃឬ៤ហត្ថ គឺ ប្រវែង១៦០ហត្ថ)ហើយមានទ្វាធំចំនួន៨ក្នុងទ្វានីមួយៗមានស៊ើនមួយ។ ស៊ើនទាំង៨មានកំពស់២២ហត្ថសម្រាប់ដាក់កំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ដាក់ សុទ្ធទាហានកំភ្លើងច្រូង(កំភ្លើងវែង)។
  • កំពែងទី១:ដាក់សុទ្ធតែទាហានកំភ្លើងធំ ហើយ នៅខាងមុខកំពែងនេះមានរោងដំរី និងរោងសេះ
  • កំពែងទី២:ដាក់សុទ្ធតែទាហានកងកំភ្លើងវែង និង សាលាជំនុំ សាលាដំបូង និង សាលាឧទ្ធរណ៍។
  • កំពែងទី៣:ដាក់សុទ្ធទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត
  • កំពែងទី៤:ដាក់សុទ្ធទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន
  • កំពែងទី៥​:តាំងរោងបញ្ចក្សេត្រ និង ដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យក្រុមបារគូ បុរោហិត និង ក្រុមមហាតលិកនៅ។
នៅក្នុងកំពែងនេះដែរមានព្រះបរមរាជរាំងកំពូលបិទមាស និង លាបម្រ័ក្សណ៍ គឺសម្រាប់ ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានដំកល់វត្ថុសក្តិសិទ្ធិគឺព្រះកែវ ឬ ព្រះត្រលែងកែង និង ព្រះគោចំនួន១២ដែលនៅក្នុងពោះគោទាំងនោះមានរក្សាទុក នូវគម្ពីរក្បួនសាស្រ្តាដ៍មាន តម្លៃលើសលប់ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗ ដូចជាឃ្លាំង ស្រូវអង្ករ  អំបិលប្រហុក ត្រីងៀត ត្រីឆ្អើរ និង ឃ្លាំងសាស្រ្តាវុធ។ បន្ទាយលង្វែកមានទទឹង ប្រវែង១គ.ម និង បណ្តោយប្រវែង៣គ.ម ហើយចំណាយពេល សាងសង់៣ឆ្នាំ(១៥២៧-១៥២៩)។(ដកស្រង់ពីសៀវភៅ សិក្សាសង្គម ប្រវត្តិវិទ្យាថ្នាក់ទី១១ទំព័រ១៨០ កម្ពុជាសម័យលង្វែក)។

ប្រយោជន៍នៃការលះបង់

Image result for tree in dry season


សង្គមមនុស្សបាននឹងកំពុងរស់រានមកដល់ពេលនេះក៍ព្រោះតែមានមនុស្សជាច្រើនបាន លះបង់អ្វីៗ គ្រប់បែបយ៉ាងតាំងពីទ្រព្យសម្បត្តិ អវយវៈ និងជីវិតដែលជាទីស្នេហារបស់ខ្លួន។ ការលះបង់ពុំមែន ជាករណីកិច្ចដោយបង្ខំទេតែវាជាច្បាប់ធម្មជាតិដែលចែងមកអោយយើងធ្វើ។ ដើមឈើដែលមាន ស្លឹកលូតលាស់ល្អនៅរដូវវស្សា ត្រូវតែលះបង់ស្លឹករបស់ខ្លួននៅរដូវប្រាំង ដែលខ្វះទឹក ព្រោះបើមិន លះបង់ទេ ដើមឈើនោះមិនអាចរស់នៅបានឡើយ ព្រោះទឹកមិន គ្រប់គ្រាន់។ ដោយការលះបង់ ស្លឹកចាស់នេះហើយ ទើបមួយខែពីរខែក្រោយមកដើមឈើនោះ ទទួលស្លឹកថ្មី និង ផ្លែផ្កាគួរជាមនោរម្យនិង សំរាប់រីកលូតលាស់បន្តទៅទៀត។ ​មនុស្សប្រសើរជាងរុក្ខជាតិ និងសត្វនានា។ ដូចនេះមនុស្សត្រូវហ៊ាន បរិច្ចាគ ដើម្បីមនុស្សជំនាន់ក្រោយរបស់ខ្លួន អាចរស់នៅបានប្រសើរ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា ជនមានប្រាជ្ញា តែជាអ្នកមើលឃើញតែប្រយោជន៍ខ្លួន គឺជាមនុស្សអសោច។ មនុស្សអសោច គឺជាមនុស្សស្អុយ រឺ មនុស្សស្លាប់។មនុស្សប្រភេទនេះពុំអាចផ្តល់ផលប្រយោជន៍អ្វី ដល់សង្គម ឡើយ។  ដូចនេះដែរ សង្គមណាដែលគ្មានមនុស្សបរិច្ចាគ មនុស្សហ៊ានលះបង់ទេ សង្គមនោះ គឺសង្គមស្លាប់ សង្គមស្អុយ សង្គមគ្មានការរីកចំរើន មានតែទុក្ខវេទនាប៉ុននោះ។ នៅប្រទេសកម្ពុជាយើង មានសេចក្តីទុក្ខវេទនាគ្របដណ្តប់ច្រើនណាស់ ឯអំពើអាក្រក់ទាំងឡាយ ក៍មាន ច្រើនដែរ។ បើប្រជាពលរដ្ឋខ្មែរយើង រួមទាំងអ្នកដឹកនាំផង ព្យាយាមលះបង់អំពើអាក្រក់ លះបង់ ទ្រព្យសម្បត្តិ លះបង់អវយវៈ និងលះបង់ជីវិតដើម្បីសន្តិសុខ យុត្តិធម៍ សេរីភាព សន្តិភាព សុភមង្គល និង ឧត្តមសុខ នោះសេចក្តីចំរើននឹងកើតឡើងក្នុងសង្គមខ្មែរជាមិនខាន។ ប្រទេសជប៉ុន បន្ទាប់ពីសង្រ្គាមលោកលើកទីពីរ ជាប្រទេសក្រីក្រជាខ្លាំង។ សព្វថ្ងៃ ប្រទេសជប៉ុនក្លាយជាប្រទេសមហាអំនាចខាងសេដ្ឋកិច្ច ពិភពលោកយ៉ាងឆាប់រហ័ស ដោយសារអ្នកដឹកនាំ និងប្រជាពលរដ្ឋរបស់គេយល់ពីតំលៃពិតនៃការលះបង់ ដើម្បីធ្វើការកសាងប្រទេស។ ( ​ដកស្រង់ចេញពី សៀវភៅ សិក្សាសង្គមថ្នាក់ទី១១ បោះពុម្ពលើកទី៧ ឆ្នាំ២០០៧​ ទំព័រទី ៣០)។
Related image

Wednesday, April 26, 2017

ការឆ្លងកាត់ព្រឹត្តិការណ៍

អោយតែយើងស្មោះត្រង់​ អោយតែយើងត្រឹមត្រូវ​ បើគេមកវាយយើង​ បើគេមកបំបាក់យើង​ ហេតុការណ៍នោះ​ វាសុទ្ធតែបានជាប្រយោជន៍មកយើងទាំងអស់​ តែបើយើងដឹងថាព្រឹត្តការណ៍ទាំងឡាយ​ ជួយមនុស្សឬក្រុមមនុស្សអោយបានល្បី​ ហើយអ្នកក៏មានចិត្តធ្វើរឿងអោយកើតបានជាព្រឹត្តិការណ៍ដើម្បីទទួលបានភាពល្បី​ នោះអ្នកឬក្រុមអ្នកនឹងបាត់ភាពជាមនុស្សស្មោះត្រង់​ នឹងបាត់ភាពជាមនុស្សត្រឹមត្រូវភ្លាម​ ហើយពេលនោះព្រឹត្តិការណ៍ដែលអ្នកខំបង្កើតដើម្បីរកអោយបានភាពល្បីនោះ​ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏អាក្រក់​ នាំភាពល្អក់សៅហ្មងដល់អ្នកខំបង្កើតព្រឹត្តិការណ៍ដើម្បីទាញយកភាពល្បីនោះដោយជៀសមិនរួចឡើយ​ ហើយបើអ្នកនោះនៅតែបន្តក្នុងលំអានជាមនុស្សមិនស្មោះត្រង់បែបនេះមិនឈប់នោះ​ នោះអ្នកនឹងរលាយនៅទីបំផុត។ព្រឹត្តិការណ៍ទាំងឡាយដែលកើតក្នុងដំណើរបដិវត្តន៍ផ្នត់គំនិតរបស់យើងកន្លងមកសុទ្ធតែបានទៅជាប្រយោជន៍មកLDPយើងទាំងអស់​ តើព្រោះហេតុអ្វី?​ ព្រោះLDPជាចលនានយោបាយដែលស្មោះត្រង់​ ត្រឹមត្រូវ។​ បើអ្នកត្រឹមត្រូវ​ គេធ្វើបាបអ្នក​ មាន័យថាគេបានធ្វើខុសគេធ្វើមិនល្អ​ ផលអាក្រក់មិនជះមកលើអ្នករងគ្រោះទេ​ តែផលអាក្រក់នឹងជះទៅលើអ្នកប្រព្រឹត្តិអំពើអាក្រក់ឬអ្នកបំពានគេនោះទៅវិញទេ។ តែបើជាក្រុមមនុស្សដែលមិនត្រឹមត្រូវមិនបរិសុទ្ធតួយ៉ាងCNRPវិញ​ ព្រឹត្តិការណ៍ដែលគេធ្វើលើបក្សនេះ​ មានលក្ខណៈដូចជាពស់ដែលគេវាយបាក់ឆ្អឹងខ្នងអីចឹង​ ​គឺវាទៅមុខមិនរួច​ ឬទៅរួចដោយលំបាកបំផុត​ ប៉ុន្តែបើCNRPជាបក្សស្មោះត្រង់ល្អត្រឹមត្រូវនោះ​ ព្រឹត្តិការណ៍ដែលគេធ្វើបាបលើCNRP នឹងបានជាប្រយោន៍ដល់បក្សនេះយ៉ាងពេញពិន្ទុ។។
https://web.facebook.com/veasna.khem.56/posts/1963896237171794