Tuesday, March 21, 2017

កូនខំពន្យល់ម្តាយ



ខ្ញុំគិតត្រឡប់ទៅអតីតកាល កាលម៉ែខ្ញុំមិនទាន់យល់ldp ឱ្យតែខ្ញុំនិយាយពីldpដឹងតែជេរៗៗៗគ្មានលោះដងណាឡើយ។តែខ្ញុំនៅតែមានះចចេសធ្វើការងារដែលខ្ញុំយល់ថាត្រឹមត្រូវ សូម្បីទៅចូលរួមវេទិការលើកដំបូុងហ៊ានទាំងលួចទៅទៀតផងព្រោះតែក្បាលយល់ថាការងារនេះជាការងារដែលត្រឹមត្រូវ។ដល់តែណាស់ពេកទៅវេទិការម៉ែលែងហាម តែគាត់មិនទាន់ទទួលយកថាldpល្អឬអត់ទេព្រោះគាត់់ដឹងចរិតខ្ញុំថាខ្ញុំចង់ធ្វើហើយហាមមិនស្ដាប់ទេ ចូលលុយបង់វិទ្យុក៏ចឹងលួចចូលមិនឱ្យគាត់ដឹងទេ។តែលាក់ឯណាជិតគាត់ដឹងដដែលគាត់ឃើញវិក័យប័ត្រចូលរួមវិទ្យុគាត់ស្ដីឱ្យទៀត រហូតដល់ចូលរួមលែងយកវិក័យប័ត្រ។បើនិយាយពីថាជេរឡើងស៊ាំត្រចៀកហើយ មិនត្រឹមតែជេរទេ ថែមទាំងដេញចេញពីផ្ទះទៀតនោះរាប់សារមិនអស់ តែចិត្តមិនដាច់ពីគាត់ ទម្រាំរកវិធីឱ្យស្ដាប់យល់គាត់ជេរឡើងសុះសាច់ហើយ។រហូតគាត់បានស្ដាប់នៅមិនទាន់កែររឿងជំនឿផ្កាប់មុខហ្មង ពន្យល់គាត់ផង ឱ្យគាត់ស្ដាប់សម្លេងពូផងបានផលដែរតើលែងអុជធូបស្រេចព្រោះមិនដឹងបន់ឱ្យអ្នកណាជួយទេបើមិនជួយខ្លួនឯងនោះ។ចាក់ឆ្នោតក៏ឈប់ បៀរក៏លែងបៀត(លេងពេលចូលឆ្នាំ)។បើនិយាយពីឧបសគ្គវិញមិនបាច់ថ្លែងទេ តែមានណាខ្ញុំនៅតែធ្វើ។ចុះបងប្អូនយើងខ្លះវិញ មានទាំងធនធាន មានផ្ទះនៅសមរម្យគ្រាន់បើជាងខ្ញុំឆ្ងាយណាស់ ម្ដេចហារឡើងគ្មានពេល បងប្អូនគិតថាម៉េច?អត់ខ្វល់មែន?បានប្រយោជន៍មកខ្ញុំមែន?ប្រទេសនេះក្រែងរស់ទាំងអស់គ្នាតើហ្អីម្ដេចនៅស្ងៀមមិនអើពើអីបន្តិចសោះចឹង?លុយក៏មិនជួយកម្លាំងក៏មិនលះបង់ គិតក៏មិនចូលរួមគិត។មិនមែនងាប់អីតែខ្ញុំទេណា ងាប់ទាំងអស់គ្នាហ្នឹងហើយ៕
😢


https://web.facebook.com/pov.sophorn.1/posts/1932534620308920

Sunday, March 19, 2017

ប្រធានក្រុមកាងារស្រុកខ្សាច់កណ្តាលធ្វើផ្ទះបណ្តើរចាក់មេក្រូបណ្តើរ

រុះរើរួចហើយ​ នៅសង់ថ្មី!
ប្រធានក្រុមកាងារស្រុកខ្សាច់កណ្តាល​ សមនឹងទទួលបានការជួយពីពួកយើងណាស់​ ជីវភាពក្រីក្រ​ តែទាំងប្តីទាំងប្រពន្ធសកម្មនឹងការងារយើងណាស់។​ ក្តី​ ស្រមៃរបស់ខ្ញំថា​ ធ្វើខ្លួនឱ្យរឹងមាំ​ផ្នែកសេដ្ឋកិច្ច​ ហើយជួយដល់ជនបង្គោលក្នុង​ ភូមិ​ ក្នុងឃុំ​ ក្នុងស្រុក​ និងក្នុងខេត្ត​ តែអ្វីៗបានត្រឹមតែនៅជាក្តីស្រមៃនៅ​ឡើយ។​ ជាការពិត​ ការងារដែលត្រូវបង្ហាញឱ្យគេដឹងតាមរយៈលទ្ធផលការងារ​ វាពិបាកនឹង​និយាយរៀបរាប់ណាស។​ ច្បាស់លាស់ក្នុងចិត្តខ្លួនឯងថា​ បើខ្លួនឯង​ រឹងមាំ​ ជនបង្គោលដែលមានតម្លៃសមនឹងទទួលបានការជួយ​ នឹងរឹងមាំដែរ។
យើងក្រ​ គេមើលងាយ​ គេពេបជ្រាយ​ គេថាសព្វបែបយ៉ាងឱ្យយើង​ "ទៅ​ជួយអាណា​ បើក្រជួយតែខ្លួនឯងមិនបានផង?" តែសូមប្រាប់ទៅវិញថា​ នោះគឺជាឱសថទិព្វដើម្បីឱ្យពួកយើងមានកម្លាំងបន្តដំណើរទៅមុខទៀត​ គឺបន្ត​ ដំណើរទៅជួយអំបែងក្បាលអ្នកឯងដែលថាឱ្យពួកយើង​។​ បើពេលនោះមក​ ដល់​ តើអ្នកមានការឈឺចាប់អត់?​ តើអ្នកមានវប្បដិសារីអត់?



Saturday, March 18, 2017

ទៅបោះឆ្នោតដើម្បីអ្វី?



គណបក្សប្រជាជន                       
បើស្រឡាញ់ បើអាណិត បើជឿទុកចិត្ត ហ៊ុន សែន ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជន។
បើស្រឡាញ់ ហ៊ុន សែន
  1. បោះឆ្នោតឲ្យគណបក្សប្រជាជនដើម្បីឲ្យសម្តេចតេជោក្លាយជានាយករដ្ឋមន្រ្តីស្របតាមបំណងរបស់ សម្តេចដែលចង់បន្តកាន់អំណាចជាថ្មីម្តងទៀតនិងក្លាយជានាយករដ្ឋមន្រ្តីកាន់អំណាចយូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានិងពិភពលោក។
  2. បោះឆ្នោតឲ្យគណបក្សប្រជាជនដើម្បីឲ្យសម្តេចតេជោផ្តល់អំណោយសាលារៀន ផ្លូវលំ ផ្ទះ ស្ពាន រថយន្តសង្រ្គោះបន្ទាន់ អាហាររូបករណ៍ សៀវភៅសិក្សា ប៊ិច លុយ កង់ ម៉ូតូ ឡាន ព្រះវិហារ សាលាឆាន់ កុដ ផ្តល់អំណោយដល់អ្នកដែលមានកូនភ្លោះបីនាក់ អំណោយផ្សេងៗ ធ្វើបុណ្យកឋិន បុណ្យបញ្ចុះសីម៉ា  ជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លីជាដើម ។
  3. បោះឆ្នោតឲ្យគណបក្សប្រជាជនដើម្បីឲ្យសម្តេចតេជោ សប្បាយចិត្ត មានកិត្តិយល មានស្នាដៃ កាន់តែច្រើនក្នុងអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនចាក្នុងប្រវត្តិសាស្រ្ត។
បើអាណិតសម្តេចតេជោហ៊ុន សែនដែលធ្លាប់ជាកូនកសិករនិងជាក្មេងវត្តបានតស៊ូរៀនសូត្រនៅទីក្រុង(បទជីវិតក្មេងវត្ត)និងបានចូលរួមតស៊ូរំដោះជាតិពីរបបខ្មែរក្រហមយ៉ាងលំបាកហើយបានឃ្លាតពីភរិយា ដែលមានផ្ទៃពោះនិងកូនប្រុសច្បងបានស្លាប់ដោយសារគ្រូពេទ្យអមនុស្សធម៍ធ្វើឲ្យស្លាប់គឺ ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជន។
បើទុកចិត្តសម្តេចតេជោ ហ៊ុន សែន ថាអាចមានសមត្ថភាពបន្តដឹកនាំប្រទេស មានភាពស្អាតស្អំ អាចលុបបំបាត់អំពើពុករលួយ បំបាត់បក្សពួកនិយម កាត់បន្ថយភាពក្រីក្រ រក្សាការពារព្រៃឈើ ធនធានធម្មជាតិ ទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ចូលមករស់នៅ រក្សាការពាបូរណភាពទឹកដី គោរពសិទ្ធិមនុស្ស គោរពច្បាប់ ផ្តល់យុត្តិធម៍សង្គម​និងដោះស្រាយបញ្ហាផ្សេងៗ ត្រូវបោះឆ្នោតឲ្យ គណបក្សប្រជាជន។
គណបក្សសង្រ្គោះជាតិ
បើស្រឡាញ់ បើអាណិត ខ្លួនយើង គ្រួសារយើង ជាតិយើង ហើយជឿទុកចិត្តគណបក្ស សង្រ្គោះជាតិ ថាអាចធ្វើបានតាមការសន្យាត្រូវបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ។

បើស្រឡាញ់ បើអាណិតខ្លួនយើង៖
  1. បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានប្រាក់ឧបត្ថម្ភ៤ម៉ឺនរៀលក្នុងមួយខែ ប្រសិនបើយើងមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។
  2. បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានប្រាក់ឈ្នួល១៥០ដុល្លាក្នុងមួយខែ ប្រសិនបើយើងជាកម្មករ ។
  3. បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានប្រាក់ខែ២៥០ដុល្លា ប្រសិនបើ យើងជាមន្រ្តីរាជការ។
  4. បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងលក់ស្រូវក្នុងតម្លៃទាបបំផុត១០០០រៀលក្នុងមួយគីឡូក្រាម ប្រសិនបើយើងជាកសិករ។
  5. បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានការព្យាបាលជម្ងឺដោយឥតគិតថ្លៃ១៥ប្រសិនបើយើងជាជនក្រីក្រ។
  6. បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងទទួលបានឱកាសដូចគ្នាក្នុងការអប់រំនិង មុខរបរប្រសិនបើយើងជាយុវជន។
  7. បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យខ្លួនយើងនឹងទទួលប្រេង ជីកសិកម្ម អគ្គីសនី ក្នុងតម្លៃទាប និង អត្រាការប្រាក់ទាប ប្រសិនបើយើងជាកសិកករ អាជីវករ ពាណិជ្ជករ ផលិតករ។
បើស្រឡាញ់ បើអាណិតគ្រួសារយើង៖
បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ព្រោះប្រសិនបើសមាជិកគ្រួសារយើងមានអាយុចាប់ពី៦៥ឆ្នាំឡើង ទៅជាកម្មករ មន្រ្តីរាជការ  កសិករក្រីក្រ​ យុវជន អាជីវករ ផលិតករ ឬ ពាណិជ្ជកម្ម នោះសមាជិកគ្រួសារ    យើងនឹងទទួលបានអត្ថប្រយោជន៍លើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន។
បើស្រឡាញ់ បើអាណិតជាតិយើង៖
បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីខ្លួនយើង គ្រួសារយើង គ្រួសារអ្នកភូមិយើង គ្រួសារអ្នកស្រុកយើង គ្រួសារអ្នកខេត្តយើង និង ប្រជាជនជាតិយើងទាំងអស់គ្នាដែល មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ជាកម្មករ ជាមន្រ្តីរាជការ ជាកសិករ ក្រីក្រ​ជាយុវជន ជាអាជីវករ ជាផលិតករ ឬ ជាពាណិជ្ជកម្ម ទទួលបានអត្ថប្រយោជន៍ដូចខាងលើគឺលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន។ លុបបំបាត់អំពើពុករលួយ រក្សាការពារព្រៃឈើ សង្គមយុត្តិធម៍ អន្តោប្រវាសន៍ខុសច្បាប់ ជាដើម។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
បើគ្រាន់តែស្រឡាញ់ បើគ្រាន់តែអាណិត បើគ្រាន់តែជឿ ខឹម វាសនា ទេ សូមកុំបោះឆ្នោតឲ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឲ្យសោះ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) មិនស្វែងរកសន្លឹកឆ្នោតទេ ប៉ុន្តែស្វែងរកការគាំទ្រគំនិត ។សន្លឹកឆ្នោតគាំទ្រLDPជាសន្លឹកឆ្នោត ដែលបង្ហាញពីការយល់ដឹងនិងការគាំទ្រគំនិត ប៉ុន្តែមិនមែនជាសន្លឹកឆ្នោត ដែលកើតចេញ ពីការធ្វើឲ្យគេស្រឡាញ់ អាណិត ជឿ ឬកុហកបោកប្រាស់នរណាម្នាក់ឡើយ។ ពិតណាស់ក្រុមLDPយើងគោរពស្រឡាញ់ប្រមុខបក្សប៉ុន្តែយើងទៅបោះឆ្នោតគាំទ្រLDPមិនផ្អែកលើសេចក្តី ស្រឡាញ់បុគ្គលទេ គឺផ្អែកលើការយល់ដឹងនិងការគាំទ្រគំនិតដែលជាមនោគមន៍វិជ្ជានយោបាយរបស់LDP។ ចំណុចចាប់ផ្តើមរបស់ LDPគឺពន្យល់ ពន្យល់ ពន្យល់ ដើម្បីផ្តល់មូលដ្ឋានសម្រាប់ពិចារណា។ បើអ្នកយល់ថាគំនិតរបស់LDPត្រឹមត្រូវហើយអ្នកគាំទ្រគំនិតទាំងនោះ អ្នកអាចទៅបោះឆ្នោត គាំទ្រគំនិតទាំងនោះប្រកបដោយការយល់ដឹង។ LDPមិនដែលសុំអង្វរឲ្យនរណាម្នាក់ បោះឆ្នោតឲ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឡើយ។ចុះអ្វីទៅជាគំនិតរបស់LDP?គំនិតចំពោះប្រភព នៃបញ្ហានិងដំណោះស្រាយ។
បញ្ហានានានៅក្នុងប្រទេសដូចជា អំពើពុករលួយ បក្ខពួកនិយម អយុត្តិធម៍សង្គម ជម្លោះដីធ្លី ការកាប់បំផ្លាញព្រៃឈើ ការបំផ្លាញធនធានធម្មជាតិ ជនអន្តោប្រវេសន៍ខុសច្បាប់ជាដើម កើតឡើងដោយសារអំណាចប្រមូលផ្តុំក្នុងកណ្តាប់ដៃបុគ្គលម្នាក់។ ច្បាប់ពុំអាចអនុវត្តលើបុគ្គលប្រមូលផ្តុំ អំណាចនិងបក្ខពួករបស់គេបានទេនៅពេលបុគ្គលនិងបក្ខពួកដែលប្រមូលផ្តុំអំណាចប្រព្រឹត្តល្មើសច្បាប់។ ច្បាប់មានតម្លៃត្រឹមតែជាសីលធម៍សម្រាប់បុគ្គលប្រមូលផ្តុំអំណាចគឺគេចង់គោរពឬមិនគោរពច្បាប់គឺ ស្រេចតែឆន្ទៈរបស់គេហើយទោះបីជាប្រព្រឹត្តកំហុសឬបទល្មើស ក៍គ្មានស្ថាប័នណាមួយហ៊ានចាប់ចង និងហ៊ានដាក់ទោសឡើយគឺពួកគេអាចនៅក្រៅសំនាញ់ច្បាប់។ បញ្ហាជាច្រើនកើតឡើងហើយអ្នក ដែលរងគ្រោះគឺប្រជាជនសាមញ្ញក្រីក្រដែលគ្មានខ្នងឬខ្សែ។ប្រជាជនរងគ្រោះដែលបង្កឡើងដោយអ្នក មានលុយឬអ្នកមានអំណាចតែងរកអន្តរាគមន៍ឬ សំណូមពរឲ្យបុគ្គលម្នាក់ជួយដោះស្រាយជានិច្ច។ ជាក់ស្តែងការបាតុកម្មភាគច្រើនតែងតែលើករូបថតលោកនាយករដ្ឋមន្រ្តីនិងភរិយារបស់គាត់ដោយទទួច សុំឲ្យជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហា។
 ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងដោយសារអំណាចប្រមូលផ្តុំគឺត្រូវកាត់បន្ថយអំណាចរដ្ឋ(អំណាចអ្នកដឹកនាំ)ដោយប្រើប្រាស់យន្តការ៨ចំណុច ។ យន្តការ៨ចំណុចអាចអនុវត្តទៅបានលុះត្រាតែ ប្រជាជនខ្មែរយើងមានចំនួនចាប់ពីពី៥០%+១ឡើងទៅគាំទ្រ និង យល់ថាប្រភពនៃបញ្ហា គឺអំណាចប្រមូលផ្តុំ ហើយយន្តការ៨ចំណុចអាចបំបែកអំណាចប្រមូលផ្តុំ។ យន្តការ៨ចំណុច ជាវិធានការណ៍សម្រាប់កាត់បន្ថយអំណាយរដ្ឋនិងធ្វើឲ្យរាស្រ្តមានអំណាចដែលយើងហៅថាសង្គម ប្រជាធិបតេយ្យ។ ម៉្យាងវិញទៀតយន្តការ៨ចំណុចជាឧបករណ៍សម្រាំងយកតែមនុស្សល្អ សម្រាប់មកដឹកនាំប្រទេស ។ដូច្នេះហើយយើងស្វែងរកការគាំទ្រគំនិតឲ្យបាន៥០%+១។ គោលគំនិតបី សំខាន់ៗក្នុងការពន្យល់របស់LDP គឺ ប្រជាធិបតេយ្យ កិច្ចប្រតិបត្តិព្រះធម៍ និង សីលធម៍សង្គម។  


សង្គមប្រជាធិបតេយ្យត្រូវតែមាននិតិរដ្ឋជាដាច់ខាត


ទស្សនៈលោកRousseau ចំពោះប្រជាធិបតេយ្យ
គោលការណ៍នៃប្រជាធិបតេយ្យគឺប្រជាជនទាំងមូលជាម្ចាស់នៃអធិបតេយ្យហើយប្រជាជនជាអ្នក ប្រើប្រាស់អធិបតេយ្យនោះ។ប្រជាជនអាចប្រើប្រាស់អធិបតេយ្យតាមរយៈការបង្កើតច្បាប់។ច្បាប់ជា ប្រភពនៃសេរីភាពហើយប្រភពនៃច្បាប់គឺជាឆន្ទៈទូទៅរបស់ប្រជាជនទាំងអស់។លោកRousseau បានលើកជាឧទាហរណ៍ថាប្រសិនបើរដ្ឋមួយមានប្រជាពលរដ្ឋចំនួន១០,០០០នាក់នោះសមាជិកម្នាក់ៗ នៃរដ្ឋនោះមានចំណែក១/១០,០០០នៃអំណាចកំពូល។ច្បាប់ជាឆន្ទៈទូទៅរបស់ប្រជាជនទាំងអស់ ដូច្នេះច្បាប់ត្រូវធ្វើឡើងក្នុងគោលដៅទូទៅសម្រាប់គោលការណ៍ធំៗដែលជាកិច្ចការរបស់រដ្ឋាភិបាល។ ច្បាប់សម្រាប់ប្រជាជនទាំងអស់យកទៅអនុវត្ត។ ច្បាប់ដែលប្រជាជនមិនបានអនុម័ត ពុំមែនជាច្បាប់ទេ ហើយបើរាស្រ្តមិនបានអន្តរាគមន៍ដោយផ្ទាល់យ៉ាងហោចណាស់ក៍មានប្រជាមតិទទួលស្គាល់យល់ព្រម ពីប្រជារាស្ត្រដែរ។
លោក Rousseau គិតថាច្បាប់មិនអាចមានគ្រោះថ្នាក់ចំពោះសេរីភាពរបស់បុគ្គលទេព្រោះច្បាប់សម្រេច ដោយមនុស្សទាំងអស់គ្នាហើយអនុវត្តន៍ចំពោះមនុស្សទាំងអស់គ្នាដូច្នេះមិនមានបច្ច័យណាមួយដែល មនុស្ស ទាំងអស់សម្រេចអ្វីមួយដែលឲ្យទោសដល់មនុស្សទាំងអស់នោះទេ។
ប្រទេសដែលតូចហើយមានប្រជាជនតិចគេអាចអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់បានតែប្រទេសដែល មានប្រជាជនយ៉ាងច្រើននោះគេពិតជាពិបាកអនុវត្តប្រព័ន្ធប្រជាធិបតេយ្យដោយផ្ទាល់ណាស់។ ចំពោះបញ្ហានេះលោក Rousseau បានលើកឡើងនុវអនុសាសន៍បច្ចេកទេសមួយចំនួន៖
  1. ច្បាប់ដែលសំខាន់ៗរបស់រដ្ឋត្រូវតែប្រជារាស្រ្តសម្រេចតាមរយៈការធ្វើប្រជាមតិ
  2. ចំពោះបញ្ហាដែលមិនសំខាន់គេអាចប្រគល់ឲ្យអ្នកតំណាងរាស្រ្ត
  3. ការជ្រើសរើសអ្នកតំណាងរាស្រ្តត្រូវកម្រិតពេលវាលា ពីព្រោះអ្នកតំណាងរាស្រ្តដែលត្រូវបានគេជ្រើសរើសច្រើនលើកច្រើនសារ នោះនឹងមានមុខរបបជាអ្នកតំណាងរាស្រ្តជាមិនខាន។
  4. ត្រូវបង្កើតច្បាប់ដាក់ទោសចំពោះអ្នកតំណាងរាស្រ្តដែលមិនគោរពតាមឆន្ទៈរបស់ប្រជាជន និងមិនបានអនុវត្តតាមកម្មវិធីរបស់ខ្លួន។
នៅពេលដែលច្បាប់ត្រូវបានអនុម័តតាមរយៈមនសិការរបស់ប្រជាពលរដ្ឋទាំងមូល ច្បាប់ត្រូវតែ យកទៅអនុវត្តយ៉ាងតឹងរឹងជាទីបំផុត។បើច្បាប់មិនអាចអនុវត្តចំពោះមនុស្សទាំងអស់នោះមិន មែនប្រជាធិបតេយ្យឡើយ។រដ្ឋាភិបាលជាអ្នកប្រតិបត្តិច្បាប់ដែលប្រជាជនជាអធិបតី។អធិបតេយ្យ របស់ប្រជាជនស្ថិតនៅក្នុងអំណាចនិតិបញ្ញត្តិដែលជាអំណាចធ្វើច្បាប់និងលប់ច្បាប់។
របបនយោបាយ
របបប្រជាធិបតេយ្យជារបបមួយដែលល្អឥតខ្ចោះ ប្រសិនបើរបបនយោបាយនោះអាចធ្វើឲ្យអំណាច និតិបញ្ញត្តិនិងអំណាចប្រតិបត្តិមាន Checks and Balances។  លោក Rousseau យល់ឃើញថា បើប្រជារាស្រ្តមានការយល់ដឹងខ្ពស់ ទើបប្រជាធិបតេយ្យមានដំណើរការទៅល្អ។រដ្ឋាភិបាល ប្រជាធិបតេយ្យជារដ្ឋាភិបាលសម្រាប់ប្រជារាស្រ្តដែលជាបញ្ញាជន មានន័យថាមិនមែនរដ្ឋាភិបាលសម្រាប់ មនុស្សឬពលរដ្ឋល្ងង់ទេ។
មេប៉ូលីសស្រីជនជាតិប្រេស៊ីលម្នាក់ដែលបានធ្វើជាប្រធានប៉ូលលីសជាង១៧ឆ្នាំមកហើយបានមាន ប្រសាសន៍ថា៖ហេតុអ្វីបានជាខ្ញុំធ្វើជាមេប៉ូលីស? ពីព្រោះខ្ញុំពិតជាជឿថារបបប្រជាធិបតេយ្យពិត   ប្រាកដត្រូវការការអនុវត្តច្បាប់ដ៍ខ្លាំងខ្លាមួយដោយហេតុនេះហើយខ្ញុំបានខិតខំធ្វើការយ៉ាងខ្លាំង ពីព្រោះ ក្នុងនាមជាសមាជិកនៃអ្នកអនុវត្តច្បាប់របស់រដ្ឋាភិបាល ខ្ញុំត្រូវការការពារប្រជាជនខ្ញុំ យើងត្រូវតែកែប្រែច្បាប់ឲ្យមានប្រសិទ្ធិភាពបើមិនអញ្ចឹងទេយើងមានប្រជាធិបតេយ្យតែនៅលើ ក្រដាសតែប៉ុណ្ណោះ។យើងត្រូវការការបង្ហាញពិតប្រាកដចំពោះការងាររបស់យើងការពារការងារនោះ ដើម្បីឲ្យមាន លទ្ធិប្រជាធិបតេយ្យពិតប្រាដក។(វិទ្យុVOAសំឡេងសហរដ្ឋអាមេរិច 06/April/2013)
និតិរដ្ឋជាប្រទេសដែលមានច្បាប់និងការអនុវត្តច្បាប់យ៉ាងតឹងរឹង។ច្បាប់ការពារនិងបំរើផលប្រយោជន៍ របស់ប្រជាជនទូទៅទាំងអស់គ្នាព្រោះច្បាប់ត្រូវបានបង្កើតឡើងដោយប្រជាជនឬតំណាងពិតប្រាកដ  របស់ប្រជាជន។ដូច្នេះការអនុវត្តតាមច្បាប់បានត្រឹមត្រូវគឺជាការការពារនិងបំរើផលប្រយោជន៍របស់ ប្រជាជននៅក្នុងប្រទេសទាំងអស់គ្នា។ភាពធូរលុងក្នុងការអនុវត្តច្បាប់ធ្វើឲ្យមនុស្សមួយក្រុមតូចដែល មានអំណាចនិងលុយកាក់នៅក្នុងប្រទេសទទួលបានផលលើសលប់តាមរយៈអំពើទុច្ចរិត ប៉ុន្តែបណ្តាល ឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនភាគច្រើនបំផុត។អ្នកដែលរស់នៅក្នុងប្រទេសនិតិរដ្ឋស្ថិត នៅក្រោម ច្បាប់ ទាំងអស់គ្នាដោយគ្មាននរណាម្នាក់អាចនៅក្រៅសំនាញ់ច្បាប់បានឡើយ។
មនុស្សមួយក្រុមតូចដែលស្ថិតនៅក្រៅសំនាញ់ច្បាប់អាចបំពានឬល្មើសច្បាប់ហើយគ្មានស្ថាប័នណាមួយ អាចដាក់ទ័ណ្ឌកម្មបានឡើយព្រោះគ្រប់ស្ថាប័នសំខាន់ៗដូចជា ប៉ូលីស ទាហាន ប្រព័ន្ធតុលាការ ជាដើម ត្រូវបានគ្រប់គ្រងដោយបក្ខពួករបស់ខ្លួនតាមរយៈអំណាចនិងលុយកាក់ នោះបណ្តាលឲ្យមានភាពធូរលុង ក្នុងការអនុវត្តច្បាប់។ កាលណាមានភាពធូរលុងក្នុងការអនុវត្តច្បាប់អ្នកដែលមានអំណាច អ្នកមានលុយ ស្រូបទាញ កេងប្រវ័ញ្ចជាតិ ហើយអ្នកដែលក្រីក្រគ្មានលុយគ្មានអំណាចជាអ្នករងគ្រោះ។
តើត្រូវធ្វើដូចម្តេចដើម្បីធ្វើឲ្យសង្គមក្លាយជាសង្គមនិតិរដ្ឋ? គឺត្រូវបំបែកអំណាចរដ្ឋ ឬ កាត់បន្ថយអំណាច អ្នកដឹកនាំ។ តើដើម្បីកាត់បន្ថយអំណាចរដ្ឋត្រូវធ្វើដូម្តេច? សម្រាប់ក្រុមសម្ព័ន្ធយល់ឃើញថាក្នុង កាលៈទេសៈកម្ពុជាបច្ចុប្បន្នត្រូវប្រើប្រាស់ យន្តការ៨ចំណុចដើម្បីកាត់បន្ថយអំណាចរដ្ឋ។

នយោបាយមិនមែនជាមុខរបររកស៊ីទេ តែជាការងារជួយសង្រ្គោះ

អត្ថបទខាងក្រោមដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ
នៅ​កម្ពុជា មាន​វិបត្តិ​សង្គម​ជាច្រើន​ដែល​ត្រូវគេ​មើលឃើញថា​មាន​ប្រភព​ចេញពី​នយោបាយ​ក្នុងនោះ​ការចំណាយ​​ដើមទុន​​ដើម្បី​ធ្វើ​នយោបាយ​គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​គេ​មិនអាច​មើលរំលង​បាន។ ជាទូទៅ នៅពេលដែល​អ្នកនយោបាយ​ចំណាយ​ប្រាក់​ច្រើន ពួកគេ​នឹង​ច្បាស់​ជា​ត្រូវ «ស្រង់ដើម» តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន។ នេះ​ជាវ​ដ្ត​សង្សារ​ដែល​វិល​វល់​ចុះឡើង​រវាង​ពិភព​នយោបាយ និង​បញ្ហា​សង្គមដែល​គួរតែមាន​ដំណោះស្រាយ។
ចុងក្រោយ​នេះ ការ​តថ្លៃ​គ្នា​រឿង​លុយកាក់​ដើម្បី​មុខតំណែង​ឬ​ដើម្បី​អាច​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ល្អ​ ហាក់បីដូចជា​ស្ងប់ស្ងៀម​បន្តិច​បើ​ធៀប​ទៅនឹង​កាលពី​ប៉ុន្មាន​អាណត្តិ​មុន។ ប៉ុន្តែ «ទឹក​ស្ងប់​ក៏មិនមែន​មានន័យថា​គ្មាន​ត្រី​នោះដែរ» យ៉ាងណាមិញ បញ្ហា​លុយកាក់​នៅ​​តែ​ជា​រឿង​សំខាន់​ដដែល​នៅក្នុង​ពិភព​នយោបាយ​កម្ពុជា​ បើទោះបីជា​វា​មិនសូវ​ជា​ពុះកញ្ជ្រោល​​ចេញមកក្រៅ​ខ្លាំង​ដូច​ពីមុន​ក៏ដោយ។
ប្រាក់​ គឺជា​មធ្យោបាយ​មួយ​​ក្នុងចំណោម​មធ្យោបាយសំខាន់ៗទាំងឡាយ​ ដើម្បី​ឈានទៅ​ប្រឡូក​ក្នុង​ឆាកនយោបាយ។ នៅ​កម្ពុជា គណបក្សនយោបាយនីមួយៗពឹងផ្អែក​ទាំងស្រុង​ទៅលើ​ប្រភពធនធាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកនយោបាយត្រូវតែ​ចំណាយ​ប្រាក់​ទៅតាម​ឋានៈ តួនាទី​ដែល​ខ្លួន​មាន​ ឬ​ដែល​ខ្លួន​រំពឹងថា​នឹង​ទទួលបាន។
ជាទូទៅ គណបក្សនីមួយៗមាន​ប្រភព​ហិរញ្ញ​វត្ថុ​សំខាន់​ពីរ៖ ទី១ គឺ​ការដាក់ទុន​របស់​អ្នកនយោបាយម្នាក់ៗ និង​ទី២ គឺ​ការកៀងគរ​ពី​ប្រភពផ្សេងៗ ជាពិសេស​ពី​អ្នក​ដែលមាន​សមានចិត្ត​ជាមួយ​គណបក្ស​នោះ។ សម្រាប់​គណបក្សកាន់អំណាច បញ្ហា​ហិរញ្ញវត្ថុ​មិនសូវ​ជា​ចោទ​ឡើយ​ ពីព្រោះ​អ្នកនយោបាយ​សុទ្ធតែជា​អ្នកមាន​ប្រាក់ រីឯ​អ្នក​ដែលមាន​សមានចិត្ត​ជាមួយ​គណបក្ស​នេះ​ភាគច្រើន​ជា​អ្នកជំនួញធំៗដែល​សម្បូរ​ប្រាក់​យ៉ាង​ហូរហៀរ។
ប៉ុន្តែ សម្រាប់​គណបក្ស​ក្រៅរ​រដ្ឋាភិបាល​វិញ បញ្ហា​ហិរញ្ញវត្ថុ​គឺជា​ចំណោទ​យ៉ាង​ធំធេងមួយ។ ចំណោទ​នៅត្រង់ថា សកម្មជន​នយោបាយ​ក៏​មិនសូវ​សម្បូរ​ប្រាក់ រីឯ​ប្រភព​ចំណូល​ផ្សេងទៀត​ក៏​មិនសូវ​ជា​សម្បូរបែប។ ប្រភព​ចំណូល​មួយ​ភាគ​ធំ​បានមកពី​ការ​រៃអង្គាស​ពី​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស។ ហេតុ​ដូច្នេះហើយ​បានជា​កន្លងទៅ​ បញ្ហា​លុយកាក់​ច្រើនតែ​ផ្ទុះ​ចេញពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល។
សម្រាប់​ក្រុមអ្នកវិភាគ​បញ្ហា​សង្គម​កម្ពុជា មាន​វិបត្តិ​សង្គម​ធំធេង​ណាស់​ដែល​កើតចេញពី​ការដាក់ទុន​នៅក្នុង«ជំនួញ​នយោបាយ»។ សម្រាប់​គណបក្សកាន់អំណាច តំណាងរាស្ត្រ​ឬ​ប្រធាន​ក្រុមការងារ​ដែល​ទទួលបន្ទុក​មណ្ឌលបោះឆ្នោតនីមួយៗ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​ជាប្រចាំ​ផង និង​ជាពិសេស​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​តែម្តង។ ដូច្នេះ ពួកគេ​ច្បាស់​ជា​ត្រូវ​សម្លឹង​រក​ប្រភព​ចំណូល​មកវិញ​ឲ្យបាន​ច្រើន​ដែរ។ តើ​នេះ​មិនមែនជា​ប្រភព​នៃ​អំពើពុករលួយ​ទេ​ឬ?
រីឯ​អ្នកជំនួញធំៗដែល​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គណបក្សនយោបាយក៏ត្រូវប្រឹង​រក​ចំណូលមក​វិញ​ឲ្យ​បាន​ច្រើន​ដែរ​ ដើម្បី​ប៉ះប៉ូវ​ការខាតបង់​ទៅលើ​នយោបាយ។ ពួកគេ​ក៏ត្រូវ​ការ​ឥទ្ធិពល​របស់​​អ្នកនយោបាយ ដើម្បី​ការពារ​មុខ​ជំនួញ​របស់ខ្លួន​ដែរ​ ពីព្រោះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​«អ្នកជំនួញ​តែង​រក​ផលចំណេញ»។ ទីបំផុត ផលវិបាក​នឹង​ធ្លាក់​ទៅលើ​សង្គម​ទាំងមូល​ក្នុងនោះ អ្នកក្រីក្រ​រង​ផលប៉ះពាល់​ខ្លាំងជាងគេ។ វា​មិន​ខុស​អ្វី​ពី​សុភាសិត​ដែលថា«ច្របាច់ក​ចិន លៀន​អណ្តាត​​ខ្មែរ​នោះឡើយ»។
ស្ថាន​ភាពមិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជាពិសេស​គឺ​បក្សប្រឆាំង​តែម្តង។ ការចំណាយ​ប្រាក់​ទៅលើ​នយោបាយ​បាន​ក្លាយជា​ប្រភព​នៃ​បញ្ហា​រាប់រយ​ជំពូក។ អ្នកខ្លះ​បាន​ចំណាយ​ទ្រព្យ​ធន​អស់រលីង​ពី​ខ្លួន តែ​ទីបំផុត មុខតំណែង​អ្វី​ក៏​មិន​ទទួល​បានដែរ។ អ្នក​ទាំងនោះ​ត្រូវ​ធ្លាក់ខ្លួន​ក្រីក្រ​កាន់តែខ្លាំង ហើយ​អ្នកខ្លះ​ក៏មាន​បញ្ហា​ក្នុង​គណបក្ស​រហូត​ត្រូវគេ​​បណ្តេញចេញ ឬ​ត្រូវ​បង្ខំចិត្ត​ដើរចេញ​ដោយ​ខ្លួនឯង។ នេះ​ជា​អ្វីដែល​គេ​ហៅថា «ប្រាក់​ក៏​បង់ ថង់​ក៏​ដាច»។ រីឯ​អ្នក​ដែល​នៅមាន​លទ្ធភាព ចេះតែ​បន្ត​ប្រឹងប្រែង​ដោយ​សង្ឃឹមថា ថ្ងៃ​ណាមួយ​ពួកគេ​អាច​ស្រង់ដើម​វិញ​បាន។
ដូច្នេះ ដើម្បី​ចាកចេញ​ពី​វដ្ត​សង្សារ​នេះ អ្នកនយោបាយ​គួរតែ​ត្រូវ​ចៀស​ផុតពី​ការចាប់​បង្ខំ​ឲ្យ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួនសន្ធឹកសន្ធាប់បែបនេះ​តទៅទៀត។ ក្នុងន័យនេះ កម្ពុជា​គួរ​មានច្បាប់​មួយ​ដើម្បី​កំណត់​ពី​ហិរញ្ញវត្ថុ​បក្សនយោបាយ​ឲ្យ​បានច្បាស់លាស់។ ទន្ទឹមនឹង​នោះដែរ អ្នកនយោបាយ​ខ្មែរ​គួរ​ផ្លាស់ប្តូរ​ផ្នត់គំនិត​មួយ​ជា​ចាំបាច់៖ នោះ​គឺ​នយោបាយ​មិនមែនជា​មុខ​ជំនួញ​​ដើម្បី​ស្វែងរក​ផលចំណេញ​ផ្ទាល់ខ្លួន​ទេ តែ​អ្នកនយោបាយ​ត្រូវមាន​ទំនួល​ខុសត្រូវ​ដ៏​ធំ​បំផុត​ ​ចំពោះមុខ​ប្រទេសជាតិ និង​ប្រជាជន។
ប្រសិនបើ​ទំនួល​ខុសត្រូវ​ដ៏​ធំ​នេះ​ត្រូវបាន​គ្របដណ្តប់​ដោយ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​ប្រសិន​​បើ​នយោបាយនៅតែត្រូវគេចាត់ទុកជាមុខជំនួញ វិបត្តិ​សង្គម​ដែលជា​ផលវិបាក​នៃ​ការចំណាយ​ប្រាក់​របស់​អ្នកនយោបាយ​នឹង​នៅតែ​បន្ត​កើតឡើង គ្មាន​ទីបញ្ចប់​ឡើយ៕ ( ដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ
Tuesday via mobile
គោលដៅរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាព គ្នាក្នុងភាពជាម្ចាស់ប្រទេសដែលក្នុងនោះដែរគឺវាបានក្ដោបនៅអត្ថន័យ២គឺ ពាក្យថា ស្មើភាពគ្នា និងភាព ជាម្ចាស់ប្រទេសដែលវាឆ្លុះបញ្ចាំងពីបញ្ហាក្នុងសង្គម។ការរស់នៅដោយស្មើភាពគ្នា ជារៀងមកពលរដ្ឋខ្មែរ មិនធ្លាប់រស់នៅដោយស្មើភាពគ្នានោះទេ ទាំងឳកាសអភិវឌ្ឍន៍ខ្លួន ការទទួលសេវាសង្គម ឬ នៅចំពោះមុខ ច្បាប់ឡើយ។ ប៉ុន្តែបើគេងើបឡើងរើបំរះពីបញ្ហានេះ គេក៏រើជាមួយចលនាណាមួយដោយគ្មានការយល់ដឹង និងទិសដៅច្បាស់លាស់នោះដែរដែលចុងក្រោយលទ្ធផលនៃការចូលរួមរបស់ពួកគេបានត្រឹមតែនាំអោយ អ្នកនយោបាយទាំងនោះបង្កើតជាសង្គមមានវណ្ណៈអ្នកដឹកនាំ និង ប្រជារាស្រ្តស្ថិតក្រោមរូបភាព ប្រជាធិបតេយ្យ តែធាតុពិត វាជាការប្រមូលផ្ដុំអំណាចទៅមនុស្សមួយក្រុមប៉ុណ្ណោះ។ ការរស់នៅក្នុង ភាពជាម្ចាស់ប្រទេសជាទូទៅប្រជាពលរដ្ឋខ្មែរមិនបានយល់ដឹង ឬ ចាត់ទុកខ្លួន ជាម្ចាស់ប្រទេសនោះទេ បើទោះជាពួកគេជាម្ចាស់តាមផ្លូវធម្មជាតិដែលខ្លួនកើតមកលើទឹកដីនេះដូចគេដូចឯងនិងជាម្ចាស់ទៅតាម ផ្លូវច្បាប់ដែលធានាដោយរដ្ឋធម្មនុញ្ញក៏ដោយ។ ផ្ទុយមកវិញពួកគេបែជាចាត់ទុកខ្លួនគ្រាន់តែជាអ្នកកើត មកលើទឹកដីនេះ ប៉ុណ្ណោះពួកគាត់ហាក់ដូចជា គ្មានកាតព្វកិច្ច និងទំនួលខុសត្រូវអ្វីឡើយចំពោះទឹកដីនេះ ព្រោះគាត់យល់ថាកិច្ចការអភិវឌ្ឍន៍ កិច្ចការពារ និងកិច្ចការបំផ្លាញសង្គម វាជារឿងរបស់អ្នកនយោបាយ មួយក្រុម ឬ រដ្ឋាភិបាលប៉ុណ្ណោះ។គាត់ដឹងតែម្យ៉ាងគត់គឺ ការទទួលខុសត្រូវ លើសេចក្ដីសុខក្នុងក្រុម គ្រួសារ របស់គាត់ប៉ុណ្ណោះ។
មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ប្រទេសនឹងមិនអាចមានឡើយ ដរាបណាប្រជាពលរដ្ឋខ្មែរនៅតែបន្តជីវិតតាមលំអានខាងលើនោះ។ការធ្វើនយោបាយមិនមែនជាមុខរបរ រកស៊ីនោះទេ វាក៏មិនមែនជារឿងរបស់មនុស្សមួយក្រុមនោះដែរ វាគឺជាកិច្ចការងារសង្គ្រោះប្រទេស សង្គ្រោះប្រជាជន ហើយវាតំរូវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នាធ្វើប្រកបដោយការយល់ដឹង។
បើអ្នកជួយមនុស្សម្នាក់អោយមានហូប ចុកគ្រប់គ្រាន់ រួចផុតពីគ្រោះថ្នាក់នោះ តើបុណ្យកុសលនោះ វាធំណាស់ទៅហើយ ចុះទំរាំនយោបាយជួយមនុស្សទូទាំងប្រទេសទៀតនេះ វាមានទំហំប៉ុណ្ណាទៅ?

LDP មិនស្វែងរកសន្លឹកឆ្នោត ប៉ុន្តែស្វែងរកការគាំទ្រគំនិត


គណបក្សប្រជាធិបតេយ្យតែងប្រកាសថា ការចេញទៅឃោសនានយោបាយ មិនមែនដើម្បីស្វែងរក សន្លឹកឆ្នោតទេ ប៉ុន្តែជាការស្វែងរកការគាំទ្រគំនិត។ ចុះចាំបាច់បង្កើតគណបក្សនិងឈរឈ្មោះបោះឆ្នោត ធ្វើអ្វី បើមិនចង់បានសន្លឹកឆ្នោត?  ហើយហេតុអ្វីបានជាមានអ្នកបោះឆ្នោតឲ្យកាលពីឆ្នាំ២០០៨ និង ២០១២?  បើចង់ដឹងច្បាស់សូមបន្តការអានដូចតទៅ៖
ការស្វែងរកសន្លឹកឆ្នោត
អ្វីដែលអ្នកនយោបាយមុនធ្វើគឺធ្វើយ៉ាងណាឲ្យតែបានសន្លឹកឆ្នោតដូចជា ទិញសន្លឹកឆ្នោតក្រោមរូបភាពជា អំណោយ បំភាន់ បំភ័យ លាបពណ៍ អុជអាល ញុះញង់ កុហកបោកប្រាស់គ្រប់មធ្យោបាយតាមតែ អាចធ្វើបានទោះបីជាសកម្មភាពទាំងនោះទុច្ចរិតក៍គេនៅតែធ្វើដើម្បីសន្លឹកឆ្នោត។ គណបក្សមួយចំនួន បានបង្ខំឲ្យសមាជិក ឬ អ្នកស៊ីនុយពីបក្សរបស់គេស្បថថានឹងបោះឆ្នោតឲ្យបក្សរបស់គេ។
 ជាក់ស្តែង កាលពីមុនពេលបោះឆ្នោតឆ្នាំ២០១២ គណបក្សសម រង្ស៊ីបានលាបពណ៍គណបក្សសិទ្ធិមនុស្ស ថាជាអាយ៉ងរបស់គណបក្សប្រជាជនដើម្បីកុំឲ្យប្រជាជនបោះឆ្នោតឲ្យបក្សសិទ្ធិមនុស្សហើយបោះឆ្នោតឲ្យ បក្សសមរង្ស៊ីវិញ។  នៅឆ្នាំ២០០៨ កម្មវិធីរាជានិយមដែលជាកម្មវិធីរបស់គណបក្សនរោត្តម រណឬទ្ធិ ក៍បានចោទប្រកាន់លោក កឹម សុខា ប្រធានបក្សសិទ្ធិមនុស្សជាអាយ៉ងបក្សប្រជាជន។ នេះជាការ លាបពណ៍បក្សដទៃដើម្បីបានសន្លឹកឆ្នោត។ នៅខែកញ្ញា ឆ្នាំ ២០១១ អជ្ញាធរបានរុះរ៉ើផ្ទះសម្បែង អ្នកបឹងកក់ នៅពេលនោះលោក សួង សុភ័ណដែលជាប្រធានយុវជនគណបក្សសម រង្ស៊ីបានឆ្លៀតឱកាស ចូលរួមញុះញង់ឲ្យយុវជនក្មេងៗនៅបឹងកក់គប់ដុំថ្មលើគ្រឿងចក្ររុះរ៉ើ និង ប៉ូលីស ហើយត្រូវបានប៉ូលីស វាយបែកក្បាលហូរឈាម( បើចង់ដឹងច្បាស់សូមមើលវិដេអូដែលថតនិងផ្សាយដោយវិទ្យុអាស៊ីសេរី ដែលបង្ហាញសកម្មភាពលោក សួង សុភ័ណ ឆ្កាដៃឆ្កាជើងស្រែកឲ្យក្មេងៗធ្វើសកម្មភាពប្រឆាំងប៉ូលីស)។ នេះជាការញុះញង់ដើម្បីធ្វើឲ្យប្រជាជនស្អប់រដ្ឋាភិបាលនិងបោះឆ្នោតឲ្យបក្សប្រឆាំងវិញ។
 ចំណែកបក្សកាន់អំណាចប្រើប្រាស់វិធីសាស្រ្តអុជអាលបំបែកបំបាក់បក្សប្រឆាំងទាំងពីរតាមរយៈការ បញ្ចេញសារសំឡេងនៃការសន្ទនារវាងលោកនាយករដ្ឋមន្រ្តីនិងលោក កឹម សុខា។ បក្សកាន់អំនាច ចែកនុយក្រោមរូបភាពជាអំណោយដូចជា សារ៉ុង ក្រម៉ា ប៊ីចេង និង លុយជាដើមដើម្បីបានសន្លឹកឆ្នោត។ កំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៣នេះ ក្រុមការងារគណបក្សប្រជាជនបានស្វែងរកសន្លឹកឆ្នោត តាមរយៈការធ្វើពិធីងូតទឹកឲ្យចាស់ៗ ព្រោះចាស់ៗមួយចំនួនបានងាករេទៅគាំទ្របក្សប្រឆាំងដែលសន្យា ផ្តល់ប្រាក់ឧបត្ថម្ភដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ៤ម៉ឺនរៀលក្នុងមួយខែ។ម៉្យាងវិញទៀតគេបំភាន់ ប្រជាជនដោយប្រៀបធៀបតួនាទីក្នុងការកសាង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹកជាដើមរបស់រដ្ឋាភិបាល ជាមួយគណបក្សប្រឆាំងដែលមានតែតួនាទីឃ្លាំមើលការ អនុវត្តរបស់រដ្ឋាភិបាល។មិនត្រឹមតែប៉ុណ្ណោះ អនុប្រធានគណបក្សកាន់អំណាចថែមទាំងគំរាម ដកហូត យកមាស៊ីនបូមទឹកវិញ និងឈប់ធ្វើបុណ្យប្រសិនគណបក្សរបស់គាត់ចាញ់ឆ្នោត។ បក្សកាន់អំនាច តែងរំលឹកថ្ងៃ៧មករាដើម្បីឲ្យប្រជាជនសងគុណតាមរយៈសន្លឹកឆ្នោត។ ទស្សនៈវិទូចិន ខុង ជឺ បានលើកឡើងថា គុណដែលយើងធ្វើចំពោះអ្នកដទៃនឹងរលាយសាបសូន្យនៅពេលយើង ទាមទារឲ្យគេ សងគុណយើងវិញ។ នេះបញ្ជាក់យ៉ាងច្បាស់ថាអ្នកនយោបាយមួយចំនួនខិតខំធ្វើអ្វីគ្រប់យ៉ាងប៉ុន្តែក្នុង គោលបំណងឲ្យប្រជាជនស្រឡាញ់ដើម្បីបានសន្លឹកឆ្នោតតែប៉ុណ្ណោះមិនមែនកើតឡើងដោយសារកាតព្វ កិច្ចឬ ក្តីអាណិតស្រឡាញ់ពិតប្រាកដចំពោះជនរួមជាតិឡើយ។នេះមានន័យថាអ្វីដែលគេធ្វើគឺដើម្បីប្តូរ យកសន្លឹកឆ្នោតដែលជាប្រយោជន៍អំណាចផ្ទាល់ខ្លួន។
ការស្វែងរកការគាំទ្រគំនិត
គណបក្សនយោបាយគឺជាមនុស្សមួយក្រុមដែលមានគំនិតទស្សនៈដូចគ្នា ឬ ស្រដៀងចំពោះអ្វីដែល រដ្ឋាភិបាលគួរធ្វើហើយរួមគ្នាបង្កើតជារចនាសម្ព័ន្ធដឹកនាំនិងធ្វើសកម្មភាពស្វែងរកការគាំទ្រគំនិតនោះពី មហាជនបន្ថែមទៀតដើម្បីឲ្យប្រជាជនចូលរូមនិងឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលអាចអនុវត្តនូវគំនិតទាំងនោះ បាន។មនុស្សមួយក្រុមតូចមិនអាចឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលបានឡើយ ទាល់តែស្វែងរកការគាំទ្រគំនិត ឲ្យបានចាប់ពី៥០%+១ឡើងទៅ។ ក្នុងប្រទេសប្រជាធិបតេយ្យពិតប្រាកដ ការស្វែងរកការគាំទ្រគំនិត ត្រង់នេះសំដៅទៅលើការស្វែងរកការគាំទ្រគោលនយោបាយ ឬ យន្តការរបស់គណបក្សសម្រាប់យកទៅ អនុវត្តនៅពេលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ដើម្បីទទួលបានការគាំទ្រលុះត្រាតែពន្យល់ពីអត្ថប្រយោជន៍ នៃគំនិតនោះពេលត្រូវបានអនុវត្ត។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់ឃើញថាប្រភពនៃបញ្ហាទាំងឡាយគឺបណ្តាលមកពីអំណាច ប្រមូលផ្តុំលើមនុស្សម្នាក់ ហើយទស្សនៈដើម្បីដោះស្រាយបញ្ហាគឺ ត្រូវបំបែកអំណាចអ្នកដឹកនាំឬ បន្ថយអំណាច អ្នកដឹកនាំ តាមរយៈយន្តការ៨ចំណុច។
លក្ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គោលដៅ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយធ្វើឲ្យសម្រេចបានតាមរយៈការអនុវត្តយន្តការ៨ចំណុច។
ចំណុចចាប់ផ្តើម  ពន្យល់ពីប្រជាធិបតេយ្យ សីលធម៍សង្គម កិច្ចប្រតិបត្តិព្រះធម៍ ដើម្បីឲ្យប្រជាជនយល់ដឹងពីប្រជាធិបតេយ្យនិងចូលរួមប្រកបដោយសីលធម៍។
ធនធានមនុស្ស  បេះដូងស្រឡាញ់ជាតិ​និងមានចំណេះដឹង
ឥរិយាបទនយោបាយ សុចរិតជាបាតគ្រឹះនៃគ្រប់ឥរិយាបទនយោបាយ។ មិនបំផ្លើសបំផ្លោង មិនញុះញុងអុចអាល មិនកុហកបោកប្រាស់ មិនលាបពណ៍អ្នកដទៃ គឺធ្វើតែសកម្មភាពដែលយល់ថា ត្រឹមត្រូវស្របតាមឧត្តមគតិក្នុងការជួយអ្នកដទៃ។
យើងបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ មានន័យថាយើងគាំទ្រគំនិតរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យនិងលក្ខណៈទាំង៤ខាងលើរួមមាន គោលដៅ ចំណុចចាប់ផ្តើម ធនធានមនុស្ស និង ឥរិយាបទនយោបាយ។
អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនដែរ ប្រាប់ ឬ ណែនាំឲ្យក្រុមគ្រួសារ មិត្តភក្រ័្ក បោះឆ្នោត ឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដោយគ្មានយល់អ្វីសោះឡើយ ប៉ុន្តែពួកគេប្រាប់ឲ្យក្រុមគ្រួសារ មិត្តភក្រ័្កស្តាប់ការពន្យល់អំពីគំនិតឬ ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីយល់រួច គាំទ្រគំនិតនោះ។
ទាល់តែយល់សិនចាំបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រោះគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យស្វែងរកការគាំទ្រគំនិត។ កាលណាយើងគាំទ្រគំនិតរបស់គណបក្សប្រជាធិបតេយ្យ នោះយើងនឹងទៅបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ សន្លឹកឆ្នោតដែលបោះឆ្នោតគាំទ្រគណបក្ស ប្រជាធិបតេយ្យបង្ហាញថាអ្នកបោះឆ្នោតយល់ស្របនិងគាំទ្រគំនិត ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ។ យើងធ្វើនយោបាយដោយចំណុចចាប់ផ្តើមគឺពន្យល់ដើម្បីស្វែងរកការគាំទ្រគំនិតឲ្យបាន ចាប់ពី៥០%+១ឡើងទៅដើម្បីឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ប្រជាជនដែលយល់និងគាំទ្រគំនិត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមជាកម្លាំងកាយ កម្លាំងប្រាជ្ញា និង កម្លាំងថវិកា ហើយ បោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
មកដល់ត្រង់ចំណុចនេះអ្នកប្រាកដជាយល់ពីអត្ថន័យនៃ ការស្វែងរកសន្លឹកឆ្នោត និងការស្វែងរកការគាំ ទ្រគំនិត។ មនុស្សមួយចំនួនយល់ពីអត្ថន័យនៃការស្វែងរកសន្លឹកឆ្នោត និង ការស្វែងរកការគាំទ្រគំនិត បាននិយាយថានឹងមិនទៅបោះឆ្នោតទេ ប្រសិនបើគ្មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

កម្មវិធីនយោបាយបក្សសង្រ្គោះជាតិមួយចំនួនដូចយន្តការ៨ចំណុច

នៅក្នុងកូនសៀវភៅស្តីពី កម្មវិធីនយោបាយគណបក្សសង្រ្គោះជាតិ ត្រង់ទំព័រទី៥៥ដល់ទី៥៨ បាននិយាយ អំពី ការកសាងសង្គមប្រជាធិបតេយ្យសេរីនិងទប់ស្កាត់អំណាចផ្តាច់ការ ។ ក្នុងនោះមាន ៤ចំណុចដូចយន្តការកាត់បន្ថយអំណាយរដ្ឋ ឬ ការកសាងសង្គមប្រជាធិបតេយ្យរបស់LDPគឺ យន្តការទី១ កំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹម២អាណត្តិ យន្តការទី៦ អព្យាក្រឹតមន្ត្រីរាជការ យន្តការទី៧ បោះឆ្នោតជ្រើសរើសតំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាជន យន្តការទី៨ ប្រើប្រាស់ប្រព័ន្ធបោះឆ្នោត ឯកត្តនាម ឬ ប្រព័ន្ធចម្រុះ។ នេះជាការជះឥទ្ធិពលនៃការយល់ដឹងរបស់ប្រជាជនអំពីសារសំខាន់ នៃយន្តការ៨ចំណុច។ គ្រាន់តែយន្តការ៨ចំណុចគេអាចយកចំណុចខ្លះឬ លើសពីនេះដាក់ជាកម្មវិធី នយោបាយបានប៉ុន្តែចំណុចដែលបក្សប្រឆាំងធ្វើមិនដូចក្រុមLDPគឺឥរិយាបទនយោបាយ  មនោគមន៍វិជ្ជា នយោបាយ និង បុគ្គលិកលក្ខណៈចលនាស្នូលនិងអ្នកចូលរួម(ធនធានមនុស្ស)។


វត្តមានជនអន្តោប្រវេសន៍ខុសច្បាប់ ជាកត្តាមួយដែលនាំឲ្យប្រជាជនគាំទ្របក្សប្រឆាំង


យោងតាមCIA របស់អាមេរិច ជនជាតិវៀតណាមនៅប្រទេសកម្ពុជាមានចំនួន៥%នៃចំនួន ប្រជាជនសរុបជាង១៤លាននាក់។ ដូច្នេះ ជនជាតិវៀតណាមនៅប្រទេសកម្ពុជាមានចំនួន ប្រហែលជាង៧០ម៉ឺននាក់ នេះបើយោងតាម CIA។ អ្នកគាំទ្រគណបក្សប្រឆាំងនៅបរទេស មួយចំនួនតែងអះអាងពីតួលេខនៃជនជាតិវៀតណាមនៅស្រុកខ្មែរខុសៗគ្នា អ្នកខ្លះថាមាន ២លាននាក់ អ្នកខ្លះថាមាន៣លាននាក់ ហើយអ្នកខ្លះទៀតថាមាន៤លាននាក់ ប៉ុន្តែការអះអាង ទាំងនោះគ្មានវត្ថុតាង ឬ មូលដ្ឋានច្បាស់លាស់ដែលគួរឲ្យជឿទុកចិត្តបានទេ នោះគ្រាន់តែ ជាការប៉ាន់ស្មានពីមនុស្សម្នាក់ទៅមនុស្សម្នាក់តែប៉ុណ្ណោះ។ ចំណែកឯខាង CIA របស់អាមេរិច មិនដឹងថា តើគេសំអាងលើអ្វីដែរទេ។ ប៉ុន្តែបើយើងមើលពីស្ថានភាពជាក់ស្តែង នៅភ្នំពេញ ទីរួមខេត្តព្រៃវែង អ្នកលឿង កំពង់ឆ្នាំ និងខេត្តមួយចំនួនទៀតមានជនជាតិវៀតណាម មិនតិចទេ។ កាលពីប៉ុន្មានឆ្នាំមុន តួរលេខដែលអ្នកព័ត៍មានផ្សាយដោយផ្អែកលើក្រសួង មហាផ្ទៃ ជនជាតិវៀតណាមមានចំនួនជាង១០ម៉ឺនាក់ ប៉ុន្តែតួលេខនេះពិបាកជឿជាក់ដែរ។ បច្ចុប្បន្ន ជនជាតិវៀតណាមភាគច្រើនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកាន់ក្នុងដៃ ហើយ គេអាចសំគាល់បានតាមរយៈភាសា ដូចជា អត់សូវចេះនិយាយខ្មែរ ឬ និយាយខ្មែរ មិនច្បាស់ ដូច្នេះជាផ្លូវការជនជាតិវៀតណាមទាំងនោះត្រូវបានក្លាយជាជនជាតិខ្មែរទោះបីជាតាមវិធីស្របច្បាប់ ឬ ខុសច្បាប់ក្តី។
នៅកំឡុងពេលឃោសនាបោះឆ្នោត គណបក្សសង្រ្គោះជាតិក៍បានឃោសនាទាក់ទងនឹងជន អន្តោប្រវេសន៍ខុសច្បាប់ដែរ។ នៅក្នុងក្បួនដង្ហែរដែលភាគច្រើនជាយុវជនបានស្រែកឃ្លា ជាច្រើនទាក់ទងនឹងជនជាតិវៀតណាម ដូចជា ដូរៗ ដូរលេខយួន ដាក់លេខខ្មែរ ដូរស្រីយួន ដាក់ស្រីខ្មែរ ពួកយួនធ្លាក់ទឹក ហៃអើៗ ដេញយួនចេញ ដេញយួនចេញ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលមានសម្បុរសហើយមិនគាំទ្រគណបក្សសង្រ្គោះជាតិត្រូវបានយុវជនសង្រ្គោះជាតិចោទ ថាជាយួន។ នៅតាមការិយាល័យបោះឆ្នោតមួយចំនួន ដូចជាការិយាល័យបោះឆ្នោតមួយ នៅវត្តចំប៉ា ខេត្តកណ្តាល អ្នកដែលត្រូវបានគេចោទថាជាយួនត្រូវបាន អ្នកទៅបោះឆ្នោតដទៃ ទៀតរាប់រយនាក់ស្រែកដេញចេញពីការិយាល័យបោះឆ្នោត។ បញ្ហាជនអន្តោប្រវេសន៍បាន ធ្វើឲ្យ ប្រជាជនងាកទៅគាំទ្រគណបក្សសង្រ្គោះជាតិព្រោះរដ្ឋាភិបាលមិនអាចទប់ស្កាត់ការហូរ ចូលជនអន្តោប្រវេសន៍ខុសច្បាប់។ ជនអន្តោប្រវេសន៍វៀតណាម បោះឆ្នោតឲ្យគណបក្ស ប្រជាជន នោះវៀតណាមកាន់តែច្រើន គណបក្សប្រជាជនបានសំឡេងឆ្នោតក៍កាន់តែ ច្រើនដែរ។ ប៉ុន្តែ វត្តមានជនជាតិវៀតណាមកកាន់តែច្រើនធ្វើឲ្យប្រជាជនខ្មែរកាន់តែច្រើនលែង គាំទ្រនិងឈប់បោះឆ្នោតឲ្យគណបក្សប្រជាជន ហើយទៅបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ កាន់តែច្រើនទៅវិញ។


គណបក្សប្រជាជនអាចបានសំឡេងឆ្នោតពីជនជាតិវៀតណាមខ្លះ ប៉ុន្តែគណបក្សប្រជាជន ក៍បាត់សំឡេងឆ្នោត យ៉ាងច្រើនពីអ្នកដែលមិនពេញចិត្តវត្តមាននៃជនអន្តោប្រវេសន៍ ខុសច្បាប់ ឧទាហរណ៍ បក្សប្រជាជនបានសំឡេងឆ្នោតពីវៀតណាម១ តែបាត់សន្លឹកឆ្នោតពីខ្មែរ១០ទៅ គណបក្សសង្រ្គោះជាតិក៍ដោយសារវៀតណាមដែរ។អ្នកគាំទ្រគណបក្សប្រជាជនមួយចំនួនខំ ការពារចំពោះវត្តមាននៃជនជាតិណាមដោយលើកឡើងថា ជនជាតិវៀតណាមទាំងនោះមក នៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ អ្នកខ្លះទៀតនិយាយថា កុំតែបានយួនមកជួយ កុំអីត្រូវ ស្លាប់ក្នុងសម័យខ្មែរក្រហមអស់ហើយ កុំរើសអើងប្រកាន់ពូជសាសន៍ ហើយមានមួយចំនួនតូច និយាយថាស្រុកខ្មែរគ្មានយួនទេ។ ទោះបីជាពួកគេខិតខំលាក់បំបាំងវត្តមានជនជាតិវៀតណាម ខុសច្បាប់នៅកម្ពុជាយ៉ាងណាក៍មិនជិតដែរ  ដូចសុភាសិតខ្មែរបានពោលថា ដំរីស្លាប់យកចង្អេរ បាំងមិនជិតទេ ឬ គេមិនអាចយកក្រដាសខ្ចប់ភ្លើងបានទេ។

ប្រជាជនមិនទាន់ស្គាល់ពីតួនាទីបក្ស និង រដ្ឋាភិបាល


កាលណាប្រជាជនមានទុក្ខលំបាក ហើយមាននរណាមកជួយដោះស្រាយទុក្ខលំបាកនោះ ប្រជាជននឹងដឹងគុណចំពោះអ្នកដែលបានមកជួយព្រោះ ការដឹងគុណជាផ្នត់គំនិតរបស់ខ្មែរ គឺ ផឹកទឹកត្រូវនឹកដល់ប្រភព ហូបផ្លែត្រូវនឹកដល់អ្នកដាំ។ពាក្យស្លោកសម្រាប់ឃោសនាបោះឆ្នោត របស់គណបក្សប្រជាជន៖ទីណាមានទុក្ខលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជាជួយ ដោះស្រាយ។ អ្នកដែលតែងមកជួយពេលប្រជាជនជួបទុក្ខលំបាកនៅពេលមានទឹកជំនន់ គឺមានតែគណបក្សប្រជាជន។ ដូច្នេះប្រជាជនត្រូវដឹងគុណគណបក្សប្រជាជន។ មន្រ្តីនិង អ្នកគាំទ្រគណបក្សប្រជាជនតែងនិយាយដូចៗគ្នាថា  គណបក្សប្រឆាំងបានតែថា មិនដែរធ្វើអ្វីសោះសម្រាប់ប្រជាជន ពេលប្រជាជនជួបទុក្ខលំបាក មិនដែរឃើញមុខគណបក្ស ប្រឆាំងមកជួយ ឃើញតែគណបក្សប្រជាជន ហើយគណបក្សប្រឆាំងពេលបោះឆ្នោត ទើបមកសន្យា ដូច្នេះសូមបងប្អូនមេត្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនដែលតែងតែ មកជួយបងប្អូនជានិច្ចពេលបងប្អូនជួបទុក្ខលំបាកនៅក្នុងប្រទេសមួយមានរដ្ឋាភិបាលស្របច្បាប់តែ១ ហើយគណបក្សនយោបាយគ្មានសិទ្ធិ ប្រមូលចំណូលថវិកាជាតិដូចជាពន្ធដារ ថ្លៃឈ្លួលទ្រព្យសម្បត្តិរដ្ឋ ខ្ចីលុយនិងទទួលយកជំនួយ ពីរដ្ឋាភិបាលបរទេសក្នុងការធ្វើផ្លូវ ស្ពានជាដើមបានទេ គឺមានតែរដ្ឋាភិបាលស្របច្បាប់ តែមួយគត់ដែលមានសិទ្ធិទាំងនោះ។ ម៉្យាងវិញទៀត ថវិការជាតិមិនត្រូវបានចាក់ចែងឲ្យ គណបក្សនយោបាយយកទៅអភិវឌ្ឍន៍ប្រទេសបានទេគឺមានតែរដ្ឋាភិបាលតែប៉ុណ្ណោះ។ សមាជិកគណបក្សនយោបាយ ដែលជាសមាជិករដ្ឋសភា ឬ ព្រឹទ្ធិសភាអាចទទួលបាន ប្រាក់ខែពីរដ្ឋសភា និង  ព្រឹទ្ធសភាក្នុងមុខងាររបស់ពួកគេជាអ្នកតំណាងរាស្រ្ត ឬ សមាជិក ព្រឹទ្ធិសភា។ ម៉្យាងវិញទៀត មន្រ្តីរាជការ ប៉ូលីស ទាហាន ស្ថិតនៅក្រោមរដ្ឋាភិបាល មិនមែន ស្ថិតនៅក្រោមការអំណាចរបស់គណបក្សនយោបាយទេ។ សរុបមក គណបក្សនយោបាយ គ្មានសិទ្ធិប្រមូលចំថវិការជាតិ និង ទទួលថវិការទាំងនោះយកទៅអភិវឌ្ឍន៍ប្រទេសទេ ហើយគ្មានសិទ្ធិត្រួតត្រា មន្រ្តីរាជការប៉ូលីសទាហាននោះទេ គឺមានតែរដ្ឋាភិបាលស្របច្បាប់ តែប៉ុណ្ណោះ ។