នៅថ្ងៃពុធទី ២៥ មិថុនា ប្រធានាធិបតីរបស់ប្រទេសកូស្តារីកា លោក ល្វី ហ្គីយ៉េម៉ូ សូលីស បានចេញក្រឹត្យមួយ ដោយបានហាមមិនឲ្យគេចារឈ្មោះរបស់លោក នៅលើស្ពាន ផ្លូវថ្នល់ ឬអគារសាធារណៈ ដូចជាទម្លាប់ដែលប្រមុខរដ្ឋាភិបាលមុនៗបានធ្វើ។ លោកប្រធានាធិបតីកូស្តារីកាបានពន្យល់ថា សមិទ្ធិផលរបស់រដ្ឋាភិបាល គឺជាកម្មសិទ្ធិរបស់ប្រទេសទាំងមូល គឺមិនមែនរបស់រដ្ឋាភិបាល ឬរបស់មេដឹកនាំណាមួយនោះទេ។
នៅថ្ងៃពុធទី ២៥ មិថុនា ប្រធានាធិបតីរបស់ប្រទេសកូស្តារីកា លោក ល្វី ហ្គីយ៉េម៉ូ សូលីស បានចេញក្រឹត្យមួយ ដោយបានហាមមិនឲ្យគេចារឈ្មោះរបស់លោក នៅលើស្ពាន ផ្លូវថ្នល់ ឬអគារសាធារណៈ ដូចជាទម្លាប់ដែលប្រមុខរដ្ឋាភិបាលមុនៗបានធ្វើ។ លោកប្រធានាធិបតីកូស្តារីកាបានពន្យល់ថា សមិទ្ធិផលរបស់រដ្ឋាភិបាល គឺជាកម្មសិទ្ធិរបស់ប្រទេសទាំងមូល គឺមិនមែនរបស់រដ្ឋាភិបាល ឬរបស់មេដឹកនាំណាមួយនោះទេ។
ប្រធានាធិបតីកូស្តារីកាបានបង្កើតភាពភ្ញាក់ផ្អើល ដោយលោកបានប្រកាន់ឥរិយាបទខុសពីមេដឹកនាំមុនៗ។ កាលពីថ្ងៃពុធ លោកបានចុះក្រឹត្យមួយ ហាម មិនឲ្យគេយកឈ្មោះរបស់លោកទៅចារនៅលើស្ពានថ្នល់ លើអគារសាធារណៈ ឬមួយក៏លើកតាំងបង្ហាញរូបថតរបស់លោក នៅកន្លែងសាធារណៈ ដូចដែលមេដឹកប្រទេសផ្សេងទៀតធ្លាប់ធ្វើជាទម្លាប់នោះទេ។
ការគោរពបូជាដល់ប្រធានាធិបតី ចប់ហើយ។ យ៉ាងហោចណាស់ ក៏នៅក្នុងអាណត្តិរបស់ខ្ញុំដែរ។ នេះជាការថ្លែងរបស់លោកល្វី ហ្គីយ៉េម៉ូ សូលីស ទៅកាន់អ្នកកាសែត បន្ទាប់ពីលោកបានចុះហត្ថលេខាលើក្រឹត្យរដ្ឋាភិបាល។ តាមលោកប្រធានាធិបតីកូស្តារីកា ការដាក់ឈ្មោះរបស់លោក នៅលើស្ពាន ថ្នល់ ឬលើអគារសាធារណៈនឹងធ្វើឲ្យប្រជាជនមានគំនិតយល់ច្រលំ យល់ខុស ព្រោះថា សមិទ្ធិផលទាំងឡាយចេញពីប្រទេសទាំងមូល គឺមិនមែនចេញមកពីរដ្ឋាភិបាល ឬបុគ្គលពិសេសណាមួយទេ។
ជាមួយនឹងការប្រកាស និងចុះក្រឹត្យថ្មីនេះ លោក ប្រធានាធិបតីកូស្តារីកាបានបង្ហាញពីរបៀបដឹកនាំខុសប្លែក ពីមេដឹកនាំប្រទេសដទៃទៀត។ នៅមួយខែក្រោយ ចូលកាន់តំណែងជាប្រធានាធិបតី លោក ល្វី ហ្គីយ៉េម៉ូ សូលីស បានធ្វើនយោបាយ ទៅតាមការសន្យាដែលលោកធ្លាប់បានធ្វើ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅដើមឆ្នាំនេះ។ នៅក្នុងពេលឃោសនារកសំឡេងឆ្នោត លោក ល្វី ហ្គីយ៉េម៉ូ សូលីស ធ្លាប់បានសន្យាថា នឹងមានតម្លាភាព និងកាត់បន្ថយចំណាយរដ្ឋាភិបាល ដែលមិនចាំបាច់។
ការងារ ភាពចំរុងចំរើន និងសុភមង្គល គឺជាពាក្យស្លោក របស់គណបក្សសកម្មភាពប្រជាជនរបស់លោក ដែលបានអូសទាញប្រជាជនឲ្យគាំទ្រលោកយ៉ាងក្រាសក្រែល។ ដោយមកពីឃើញមានការគំាទ្រច្រើនអនេករបស់ប្រជាជនទៅលើលោក សូលីស បេក្ខជនប្រជែងរបស់លោក សូលីស មកពីគណបក្សកាន់អំណាចបានបោះបង់ចោលយុទ្ធនាឃោសនាបោះឆ្នោត។ ទោះបីជាគូប្រជែងបានរត់ចោលសមរភូមិ លោក សូលីស នៅតែបន្តឃោសនារហូតដល់ថ្ងៃចុងបញ្ចប់។ លទ្ធផលបោះឆ្នោតបានបង្ហាញថា លោក ល្វី ហ្គីយ៉េម៉ូ សូលីស បានទទួលសំឡេងគំាទ្រ ៧៨ភាគរយ ដែលចំនួននេះ ខ្ពស់ មិនធ្លាប់មានកន្លងមក នៅកូស្តារីកា។
មុននឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅខែឧសភា លោក ល្វី ហ្គីយ៉េម៉ូ សូលីស ជាអ្នកនយោបាយដែលគេមិនសូវស្គាល់ឈ្មោះ នៅកូស្តារីកា។ លោកធ្លាប់បម្រើការនៅក្នុងគណបក្សកាន់អំណាច ប៉ុន្តែ បន្ទាប់ពីរិះគន់ពីភាពមិនប្រក្រតី នៅក្នុងពេលបោះឆ្នោត របស់គណបក្សកាន់អំណាច លោកបានចាកចេញទៅបង្កើតគណបក្សថ្មីមួយ ឈ្មោះ សកម្មភាពប្រជាជន នៅឆ្នាំ ២០០៥។ តាមអ្នកជំនាញ ការសន្យាលុបបំបាត់អំពើពុករលួយ និងភាពក្រីក្ររបស់គណបក្សលោកសូលីសបានអូសទាញប្រជាជនដែលធ្លាប់រារែក ឲ្យទៅបោះឆ្នោត។ អ្វីដែលធ្វើឲ្យលោក ល្វី ហ្គីយ៉េម៉ូ សូលីស រឹតតែទទួលបានការស្រឡាញ់ចូលចិត្តពីប្រជាជន គឺនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកបានសន្យាថា លោកនឹងមិនដំឡើងពន្ធទេ ដរាបណាលោកមិនអាចស្តារការជឿទុករបស់ប្រជាជនទៅលើរដ្ឋាភិបាលវិញបាន។
ការយកចិត្តទុកដាក់ និងដាក់ខ្លួនឲ្យសាមញ្ញ បានធ្វើឲ្យលោក ល្វី ហ្គីយ៉េម៉ូ សូលីស ទទួលបានប្រជាប្រិយភាព និងក្លាយជាប្រធានាធិបតីដែលស្និទ្ធស្នាលនឹងប្រជាជនជាងគេ។ អតីតប្រវត្តិវិទូ និងជាឪពុករបស់កូន ៦នាក់ លោក ល្វី ហ្គីយ៉េម៉ូ សូលីស ប្រាថ្នាឲ្យមានការផ្លាស់ប្តូរ ទៅតាមការទន្ទឹងចង់បានរបស់ប្រជាជន។ លោកថែមទាំងសន្យាធ្វើនយោបាយណា ដែលរដ្ឋាភិបាលមុនៗមិនបានធ្វើកន្លងមក។
កូស្តារីកាត្រូវគេចាត់ទុកជាប្រទេសស៊្វីស នៅអាមេរិកកណ្តាល។ ចាប់តាំងពីរំដោះខ្លួនពីអាណានិគមអេស្ប៉ាញ នៅឆ្នាំ ១៨២១ ប្រទេសនេះប្រកាន់អព្យាក្រិតភាព និងបានក្លាយជាប្រទេសទីមួយ នៅក្នុងពិភពលោក ដែលមានរដ្ឋធម្មនុញ្ញលុបចោល មិនឲ្យប្រទេសមានកងទ័ព។ គ្មានកងទ័ព និងផ្តោតថវិកាតែទៅលើការអប់រំ សុខភាព និងការពារបរិស្ថាន កូស្តារីកា បានប្រកាន់ជំហរនយោបាយខុសពីប្រទេសដទៃទៀត នៅតំបន់អាមេរិកឡាទីន៕
No comments:
Post a Comment